ភ្នំពេញៈ អ្នកជំនាញនៅតែអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ខណៈវិស័យមួយនេះនៅមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងការគាំទ្រពីវិស័យធនាគារ។

លោកបានថ្លែងបន្តថា វិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅតែមានសក្កានុពលសម្រាប់ការវិនិយោគ ទោះបីជាយើងមើលឃើញមានវិបត្តិប្រឈមក៏ដោយ ប៉ុន្តែវាក៏ជាឱកាសដើម្បីយើងទិញលក់ផងដែរ។
លោកបានថ្លែងដូច្នេះថា “ប្រសិនបើយើងទិញ (អចលនទ្រព្យ) នៅពេលនេះ យើងទទួលបាននូវតម្លៃល្អ លក្ខខណ្ឌនៅក្នុងការទូទាត់ល្អ ហើយប្រសិនបើយើងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីធ្វើការទិញលក់ យើងនឹងទទួលបានផលចំណេញខ្ពស់នាពេលខាងមុខ”។ លោកបន្តថា វិស័យធនាគារក៏នៅតែបន្តគាំទ្រតាមរយៈការផ្តល់ប្រាក់កម្ចី ដល់អ្នកវិនិយោគ ឬអតិថិជន ប្រសិនបើអ្នកវិនិយោគ ឬអតិថិជនមានស្ថានភាព ឬសុខភាពហិរញ្ញវត្ថុល្អ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ថា បើទោះវិបត្តិការឆ្លងរាលដាលកូវីដ ១៩ នៅកម្ពុជានៅបន្តអូសបន្លាយពេល ប៉ុន្តែលោកបានមើលឃើញថា សកម្មភាពសាងសង់ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន និងការវិនិយោគនៅតែមានដំណើរការទៅមុខជាធម្មតា។
លោកបានថ្លែងបន្តថា ភាពល្អប្រសើរនៃវិស័យនេះនឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសបន្ទាប់ពីស្ថានភាពការឆ្លងរាលដាលកូវីដ១៩ មានភាពធូរស្រាលឡើងវិញ។
ទន្ទឹមនឹងនេះលោកក៏បានលើកឡើងថា បញ្ហាចម្បងដែលលោកក៏ដូចជាអតិថិជនទូទៅនៅកម្ពុជាប្រាថ្នាចង់ទទួលបានពីវិស័យធនាគារនាពេលនេះ គឺការទម្លាក់អត្រាការប្រាក់ឱ្យទាបជាងពេលនេះ ខណៈអត្រាការប្រាក់នៅកម្ពុជាត្រូវគេដឹងថាខ្ពស់ បើធៀបនឹងប្រទេសជាច្រើនលើពិភពលោក។ លោក សុខនឿនបានឱ្យដឹងទៀតថា បច្ចុប្បន្នអត្រាការប្រាក់សម្រាប់ឥណទានក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតនៅចន្លោះពីជាង៦ភាគរយ ដល់១២ភាគរយក្នុង ១ ឆ្នាំ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ការផ្តល់ឥណទានរបស់វិស័យធនាគារទៅវិស័យអចលនទ្រព្យ និងសំណង់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ មានតម្លៃប្រមាណ១០,៥ពាន់លានដុល្លារ ស្មើនឹង៣១ភាគរយនៃទំហំឥណទានសរុបនៅកម្ពុជា៕
ប្រភពពី៖ Property Area