ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ៥,៥ភាគរយ ដែលគាំទ្រដោយវិស័យមួយចំនួន ជាពិសេសសកម្មភាពនៃការវិនិយោគក៏ហាក់មានសញ្ញាប្រសើរបន្តិចដែរ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងក្នុងកិច្ចសម្ភាសន៍មួយថា ឆ្នាំ២០២៣នេះ កម្ពុជាគឺជាគោលដៅវិនិយោគដ៏សំខាន់មួយរបស់វិនិយោគិនបរទេស។
លោកឧកញ៉ាបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយកំពុងមានការទាក់ទាញអ្នកវិនិយោគនានា ដោយកម្ពុជាបានបើកទូលាយ ដល់បណ្ដាវិនិយោគិន មកពីគ្រប់ទិសទី។ ជាក់ស្ដែង នៅក្នុងវិបត្តិដែលពិភពលោកមានការព្រួយបារម្ភ និងការវិនិយោគ នៅប្រទេសនានា លើពិភពលោក កំពុងមានសភាពស្ងប់ស្ងាត់នោះ ក៏កម្ពុជានៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ ទាំងការវិនិយោគមកពីខាងក្រៅប្រទេស និងការវិនិយោគ ពីសំណាក់អ្នកក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ន កម្ពុជាទទួលបានការវិនិយោគលើផ្នែកជាច្រើន ដូចជា រោងចក្រឧស្សាហកម្មតូចធំ សហគ្រាសក្នុងស្រុក ផ្សារទំនើបធំៗ និងបានបើកដំណើរការ ជាបន្តបន្ទាប់ផងដែរ។ ទាំងនេះវាបានបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់ និងបន្តទាក់ទាញការវិនិយោគ ជាហូរហែរបន្ថែមទៀត នៅក្រោយវិបត្តិកូវីដ១៩ ហើយឆ្នាំ២០២៣នេះ ក៏រំពឹងថា កម្ពុជានឹងទទួលបានការវិនិយោគបន្ថែម ពីក្នុង និងក្រៅប្រទេសផងដែរ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងកាលពីថ្ងៃទី២ មករា ២០២៣កន្លងទៅនេះថា កម្ពុជាជាគោលដៅសំខាន់បំផុតរបស់ប្រជាជនចិន ទាំងទេសចរ និងវិនិយោគិន។ នៅពេលប្រទេសចិនបើកប្រទេសបើកទូលាយ ឱ្យប្រជាជនចេញក្រៅប្រទេស ពេលនោះប្រជាជនចិននឹងចូលមកកម្ពុជាចំនួនច្រើន។
តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានចិនមួយ បានបង្ហាញថា នៅមុនពេលចិនបើកប្រទេសជាផ្លូវការនោះ មានប្រជាជនប្រមាណ១០០លាននាក់ហើយ បានដាក់ពាក្យស្នើសុំចេញក្រៅប្រទេស ពីព្រោះតែពួកគេមិនបានចេញក្រៅប្រទេស ជាយូរមកហើយ ដោយសារតែស្ថានភាពកូវីដ១៩ក្នុងប្រទេសចិន។ កម្ពុជាក៏ជាគោលដៅនៃប្រជាជនជាង១០០លាននាក់នោះផងដែរ ដែលនឹងអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនមួយកម្រិតទៀត៕
ប្រភពពី៖ Property News