ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហា ប៉ុន្តែទាំងរដ្ឋបាលរាជធានីភ្នំពេញ ទាំងក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការធ្វើការយ៉ាងណាដើម្បីឱ្យកាត់បន្ថយការកកស្ទះនៅជុំវិញរាជធានីភ្នំពេញ និងដើម្បីសម្រួលដល់ការធ្វើរបស់ប្រជាពលរដ្ឋ។
ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនូវទីតាំងច្បាស់ៗចំពោះការសាងសង់ស្ពានអាកាសថ្មីចំនួន២កន្លែងបន្ថែមទៀត ដើម្បីឱ្យជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ដោយទីតាំងសាងសង់ស្ពានអាកាសទាំង២នោះរួមមាន៖
១.ទីតាំងស្ពានអាកាសនៅច្រមុះជ្រូកក្បាលថ្នល់
ខណៈដែលតំបន់នេះ នៅតែប្រឈមនឹងការកកស្ទះចរាចរណ៍ បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៍ជាច្រើនលើកក៏ដោយ រហូតដល់សុំគោលការណ៍ទៅរាជរដ្ឋាភិបាល យកស្ថានីយប្រេងឥន្ធនៈ សូគីមិច ចេញពីច្រមុះជ្រូកក្បាលថ្នល់នេះថែមទៀតផង។
ដោយមើលឃើញពីការកកស្ទះចរាចរណ៍ នៅតែជាបញ្ហាដោះស្រាយមិនទាន់បានប្រសើរនូវឡើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតជាគម្រោងថ្មីមួយទៀត គឺការស្ថាបនាស្ពានអាកាសថ្មីមួយទៀត នៅច្រមុះជ្រូកក្បាលថ្នល់នេះតែម្តង ដើម្បីជួយសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះ ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងការពង្រីកផ្លូវព្រះមន្នីវង្សឱ្យបានបីគន្លង និងផ្លូវលេខ២៧១ បីគន្លង ថែមទៀតផង។ ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះថា៖ សម្រាប់ពេលនេះ ក្រុមអ្នកជំនាញ បាននិងកំពុងធ្វើតេស្តពីផលប៉ះពាល់ក្រោមដី សម្រាប់គម្រោងសាងសង់ស្ពានអាកាសថ្មីនេះហើយ។
២.ទីតាំងស្ពានអាកាសនៅស្តុបផ្សារស៊ិនជូរី
ស្ពាននេះនឹងធ្វើឡើងស្របពីលើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១។ ដោយឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ស្ពានអាកាសថ្មីនេះ យើងនឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីឲ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឱ្យបានរួចរាល់នៅ មុនដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការបង្កើតនូវគម្រោងទី១ នៃការកសាងស្ពានអាកាសបនៅចំណុចខាងលើនេះ ឯកឧត្តម ឃួង ស្រេង នៅតែជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសហការជាមួយនឹងក្រុមហ៊ុន OCIC សិក្សាពីការសាងសង់ផ្លូវក្រោមដីនៅចំណុចស្ពាននេះបន្ថែមទៀតអោយបានលឿនផងដែរ ថាតើមានផលប៉ះពាល់ទំហំប៉ុណ្ណា ហើយគ្រោងនឹងចំណាយថវិកាប៉ុន្មាននៃផលប៉ះពាល់នេះ ដើម្បីយើងអាចដោះស្រាយស្ទះចរាចរណ៍នៅតំបន់នេះបានយូរអង្វែង។

ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសនេះថា៖ គម្រោងស្ពានអាកាសស្តុបផ្សារស៊ិនជូរីនេះ នឹងចាប់ផ្ដើមនៅខែមីនាឆ្នាំ២០២២ ខាងមុខ ដោយប្រើប្រាស់រយៈពេលជាង១៤ខែ ហើយក្នុងរយៈពេលនេះរហូតដល់ខែមីនា ក្រុមជំនាញនឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។
ប្រភពពី៖ Business Cambodia