ពិតណាស់ការទិញផ្ទះគឺជាចំណាយដ៏ធំមួយ អ៊ីចឹងទាមទារឱ្យលោកអ្នកត្រូវយកចិត្តចំពោះហិរញ្ញវត្ថុរបស់លោកអ្នកទាក់ទងនិងចំណូលចំណាយផងដែរ។ ព្រោះថាការទិញផ្ទះ ជាបន្ទុកបន្ថែមនៃចំណាយប្រចាំថ្ងៃ ឬប្រចាំខែរបស់អ្នកដូចជា ថ្លៃទឹកភ្លើង ថ្លៃថែទាំ ថ្លៃជួសជុល ទិញគ្រឿងសម្ភារៈបន្ថែម ជាពិសេសកញ្ចប់ប្រាក់សម្រាប់បង់រំលស់ប្រចាំខែជាដើម។
យោងតាមដកស្រង់ចេញពីវែបសាយរបស់ធនាគារ CHASE Bank បានបង្ហាញពីការចាត់ចែងលុយកាក់៥ យ៉ាងមិនធ្វើឱ្យលំបាកនាពេលអនាគត៖
១.កញ្ចប់ប្រាក់គ្រាមានអាសន្ន
កញ្ចប់ប្រាក់គ្រាមានអាសន្ន (Emergency Fund) សំដៅលើកញ្ចប់ប្រាក់ដែលអាចការពារអ្នកលើចំណាយផ្សេងៗប្រចាំខែក្នុងចន្លោះរយៈពេលពី ៣ ទៅ ៦ខែ ករណីអ្នកបាត់បង់ប្រាក់ចំណូល ឬបាត់បង់ការងារ។ ហេតុអ្វីវាសំខាន់បន្ទាប់ពីទិញផ្ទះរួច?
សូមចងចាំថា ការទិញបង់រំលស់ ករណីអ្នកបង់យឺតយ៉ាវប្រចាំខែ អ្នកអាចនឹងត្រូវផាកពិន័យ ឬបើយូរជាងនេះ អ្នកអាចរំលោភដល់កិច្ចសន្យាទិញលក់ជាមួយម្ចាស់គម្រោង ដែលនាំឱ្យមានហានិភ័យខ្ពស់នៃការខកខានបង់ត្រលប់ ឬអាចធ្ងន់ធ្ងរជាងនឹងតាមរយៈការចាត់វិធានការតាមផ្លូវច្បាប់។ ដើម្បីចៀសវាងបញ្ហានេះកើតឡើង អ្នកគួររៀបចំកញ្ចប់ប្រាក់នេះឱ្យបានត្រឹមត្រូវ។
២. បែងចែកចំណាយឱ្យបានច្បាស់លាស់
ការរៀបចំផែនការ នៃការចំណាយប្រចាំខែឱ្យបានច្បាស់លាស់គឺធានាសុវត្ថិភាពសម្រាប់ទ្រព្យធនរបស់ខ្លួនបាន។ សំណួរងាយៗចំពោះខ្លួនឯង ថាតើក្នុងមួយខែអ្នកចំណាយលុយអស់ប៉ុន្មាន? និងដកអស់ប៉ុន្មានលើអ្វីខ្លះ? លើសពីចំណូលដែលខ្លួន រកបានដែរឬទេ? ហើយមានទុកសម្រាប់សន្សំអត់? ក្នុងករណីចំណាយលើសពីចំណូល ប្រាកដណាស់អ្នកនឹងជំពាក់បំណុលគេ។
៣. កញ្ចប់ប្រាក់លើសេវាធានារ៉ាប់រង
ផែនការហិរញ្ញវត្ថុទាំងនោះគួរមានទាំងរយៈពេលខ្លីនិងវែងដូចជា កញ្ចប់ធានារ៉ាប់រងលើផ្ទះសម្បែងបង្កាពីហានិភ័យណាមួយ អាយុជីវិត ឬជំងឺជាដើម។ ដើម្បីឱ្យការរៀបចំផែនការហិរញ្ញវត្ថុឆ្លាតវៃ អ្នកគួរតែគិតគូរទាំងខ្លួនឯង និងផ្ទះ ក៏ដូចជាទាំងរយៈពេលខ្លី និងអនាគត។ អ្នកមិនអាចប្រមើមើលបាន និងធ្វេសប្រហែសចំពោះកញ្ចប់ប្រាក់ទាំងនេះឡើយ។
ក្នុងនាមជាម្ចាស់អលចនទ្រព្យ ឬម្ចាស់ផ្ទះមួយរូប រមែងតែងតែមានភាពតានតឹងផ្នែកហិរញ្ញវត្ថុបន្តិចបន្តួច។ ការផ្លាស់ប្ដូរទម្លាប់រស់នៅពីការរស់នៅជាមួយគ្រួសារ ផ្ទះជួល មកនៅផ្ទះខ្លួនឯង អ្នកត្រូវចេះរៀបចំទុកដាក់លុយឱ្យច្បាស់លាស់ ទាំងលើការជួសជុល ចំណាយតម្លៃថែទាំ និងកាតព្វកិច្ចថែទាំអចលនទ្រព្យសម្បត្តិរបស់អ្នក។ ក្រៅពីនេះ ការផ្លាស់ប្ដូរទម្លាប់ចាយវាយ កែប្រែផែនការហិរញ្ញវត្ថុ ផែនការប្រាក់សន្សំចំណាយផ្សេង វិនិយោគ ធានារ៉ាប់រង ជាចំណែកសំខាន់ៗដែលអ្នកមិនអាចមើលរំលង។
៤. ការវិនិយោគ និងបង្កើនចំណូលឱ្យបានច្រើនច្រក
គួរធ្វើការវិនិយោគលុយរបស់អ្នក ឱ្យបានត្រឹមត្រូវ និងមានប្រភពចំណូលច្រើនច្រក បន្ទាប់ពីសម្រាកពីការងារពេញម៉ោង លោកអ្នកអាចរកការងារក្រៅម៉ោងធ្វើបានខ្លះ ទៅតាមចំណេះដឹង និងត្រូវអភិវឌ្ឍនជំនាញរបស់ខ្លួនឱ្យខ្លាំងជាងមុន ដើម្បីបង្កើនប្រភពចំណូលបន្ថែមពីលើប្រាក់ខែហើយត្រូវចេះថ្លឹងថ្លែងអំពីហានិភ័យ និងស្រួលចាត់ចែងទៅលើចំណាយផ្សេងៗ ដែលជារបស់ប្រើប្រាស់ចាំថ្ងៃផងដែរ។
៥. អនុវត្ត និងវិន័យនៃការចាយវាយ
ការរៀបចំផែនការហិរញ្ញវត្ថុតែមួយមុខ មិនទាន់គ្រប់គ្រាន់នោះឡើយ វាទាមទារឱ្យអ្នកមានវិន័យ និងទម្លាប់ចាយវាយឱ្យបានច្បាស់លាស់។ ចំណាយបន្ទាប់បន្សំក្រោយទិញផ្ទះរួចមានដូចជា ទិញសម្ភារៈដាក់ផ្ទះ ថ្លៃកែកុនបន្ទប់គេង ចង្ក្រានបាយ និងឧបករណ៍បំពាក់ផ្សេងៗក្នុងបន្ទប់។ បើតាមរូបមន្តនៃការចាយវាយ អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើនបានលើកឡើងពីរូបមន្ត 50/30/20។ បានន័យថា ៥០ភាគរយនៃចំណូលរបស់អ្នកសម្រាប់ចំណាយចាំបាច់ ៣០ភាគរយទៀតសម្រាប់សន្សំវិនិយោគ និង ២០ភាគរយទៀតសម្រាប់បំណុលទូទៅ៕
ប្រភពពី៖ Business Cambodia
