ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣នេះ វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា១,២ភាគរយ ខណៈវិស័យសំណង់នឹងងើបឡើង ក្នុងអត្រា១,៧ភាគរយ។
យោងតាមវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះបានឱ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា១,៧% និង១,២% រៀងគ្នា។

របាយការណ៍ដដែលបានឱ្យដឹងថា កំណើននៃវិស័យសំណង់ និងអចលនទ្រព្យនេះ ត្រូវបានគាំទ្រដោយកំណើនតម្រូវការក្នុងស្រុក ផ្តោតលើទីផ្សារអចលនទ្រព្យ លំនៅដ្ឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការ អនិវេសជន ត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។

ធនាគារជាតិនៃកម្ពុជាក៏រំពឹងដោយសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់៦ភាគរយ នៅឆ្នាំ២០២៣នេះ ដោយពឹងផ្អែកលើវិស័យសំខាន់ៗមួយចំនួន ដូចជា កំណើនក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់ និងអចលនទ្រព្យជាដើម៕
ប្រភពពី៖ Property Area